ប្រធានបទក្តៅ បើតាមប្រភពព័ត៌មាន ដែលបានទម្លាយចេញថ្មីៗនេះ បានបង្ហាញឱ្យឃើញពីសកម្មភាពដឹកជញ្ជូនទំនិញយ៉ាងសកម្មគួរឱ្យសង្ស័យ នៅចំណុចភូមិរូង ឃុំជាំ ស្រុកកំចាយមារ ខេត្តព្រៃវែង។ តាមការរាយការណ៍ពីប្រជាពលរដ្ឋ រស់នៅក្បែរទីតាំងកើតហេតុបានឱ្យដឹងថា ជារៀងរាល់យប់អាធ្រាត្រ គេតែងតែឃើញរថយន្តធុនធ្ងន់ប្រភេទវ៉េអឹម និងរថយន្តបែនធំៗរាប់សិបគ្រឿង បានសម្រុកដឹកជញ្ជូនស្ករស ដែលមានបាវវេចខ្ចប់ជាអក្សរបរទេស យកមកធ្វើការផ្ទេរដាក់នៅក្នុងទូក ដើម្បីដឹកជញ្ជូនឆ្លងកាត់ទៅកាន់ប្រទេសវៀតណាម តាមច្រកស្វាយអាង៉ោង ស្លាបខាងស្តាំ ដោយមានការប្រើប្រាស់កម្លាំងកម្មករជនជាតិវៀតណាមយ៉ាងគគ្រឹកគគ្រេង។ ភាពមិនប្រក្រតីដែលកើតឡើងនាពេលយប់ស្ងាត់រំលងអាធ្រាត្រនេះ កំពុងបង្កជាកង្វល់យ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ លើពីរចំណុចសំខាន់ៗ ការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ការប្រើប្រាស់រថយន្តធុនធ្ងន់ដឹកទំនិញលើសទម្ងន់ឆ្លងកាត់ជាប្រចាំ និងធ្វើឱ្យផ្លូវថ្នល់ ដែលរាជរដ្ឋាភិបាលខិតខំចំណាយថវិការាប់លានដុល្លារសាងសង់ឡើងនោះ បានរងការខូចខាតទ្រុឌទ្រោមមុនកាលកំណត់ ដែលជាការខាតបង់ថវិកាជាតិយ៉ាងធ្ងន់ធ្ងរ។
សង្ស័យជាទំនិញគេចពន្ធ ពលរដ្ឋបានដាក់ការសង្ស័យថា ហេតុអ្វីបានជាសកម្មភាពដឹកជញ្ជូននេះ ត្រូវធ្វើឡើងតែនៅពេលយប់ស្ងាត់ និងការប្រើប្រាស់បាវសរសេរអក្សរបរទេស? តើនេះជាទំនិញដែលមានច្បាប់ទម្លាប់ត្រឹមត្រូវ ឬជាអំពើគេចពន្ធ ដើម្បីបំផ្លាញផលប្រយោជន៍សេដ្ឋកិច្ចជាតិ?
ធ្វើសេចក្តីរាយការណ៍បឋម ជូនថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ក្រសួង និងមន្ត្រីស្ថាប័នពាក់ព័ន្ធទាំងអស់ សូមជួយត្រួតពិនិត្យ។ តែទោះបីជាការនាំចេញទំនិញជាសកម្មភាពពាណិជ្ជកម្មក៏ដោយ ប៉ុន្តែប្រសិនបើប្រព្រឹត្តទៅដោយគ្មានតម្លាភាព គ្មានការត្រួតពិនិត្យ តើមន្ត្រីគយប្រចាំតំបន់ កំពុងតែដេកលង់លក់ ឬកំពុងតែប្រមូលលុយដាក់ហោប៉ៅខ្លួនឯង ធ្វើឱ្យបាត់បង់ប្រាក់ចំណូលប៉ះពាល់ថវិការបស់ជាតិយ៉ាងធ្ងន់ធ្ងរ? រថយន្តដឹកលើសទម្ងន់ បំផ្លាញផ្លូវសាធារណៈបែបនេះ វាបង្ហាញពីភាពធូររលុង ឬការបើកដៃពីសំណាក់សមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ឬមន្ត្រីគ្រាក់ៗ៕


