បែកធ្លាយសកម្មភាពផ្លាស់ប្តូរសំបកបាវស្ករសថៃដើម្បីនាំចេញទៅវៀតណាមឡើងវិញ នៅកំពង់ផែខេត្តកែបនិងរិះគន់យ៉ាងក្តៅគគុក ក្រុមឈ្មួញសហការជាមួយមន្ត្រីជំនាញពាក់ព័ន្ធ ក្នុងការសម្រួលផ្លូវនាំចូលទំនិញស្ករសពីប្រទេសថៃ តាមច្រកកំពង់ផែស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ រួចដឹកជញ្ជូនឆ្លងកាត់ខេត្តកំពត ឆ្ពោះទៅកាន់កំពង់ផែក្នុងខេត្តកែបនោះ ករណីនេះបានស្ងប់ស្ងាត់ទៅវិញតែមួយរយៈពេលខ្លីប៉ុណ្ណោះ។
ទោះជាយ៉ាងណា នៅរសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ ស្រាប់តែមានការបែកធ្លាយរូបភាព និងវីដេអូបង្ហាញពីសកម្មភាពជាក់ស្តែងសារជាថ្មី ដោយមានក្រុមកម្មករជាច្រើននាក់កំពុងធ្វើសកម្មភាពយ៉ាងសកម្មក្នុងការលើក និងផ្ទេរទំនិញស្ករសដែលមានអក្សរថៃ ចុះពីលើរថយន្តកុងតែន័រ (វេអង) ចំនួន ៧គ្រឿង នៅឯទីតាំងកំពង់ផែក្នុងខេត្តកែប។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា ទំនិញស្ករសថៃទាំងនេះ ត្រូវបានគេនាំយកមកចាស់ប្តូរសំបកបាវ ដែលមានអក្សរថៃ ច្រកចូលក្នុងសំបកបាវថ្មីដែលមានអក្សរវៀតណាមជំនួសវិញ ដើម្បីបន្លំ និងសម្រួលដល់ការដឹកជញ្ជូនបន្តតាមផ្លូវទឹកកំពុងផែសេះស ស្ថិតនៅភូមិអូរក្រសា សង្កាត់អូរក្រសា ក្រុងកែប ខេត្តកែប (ទូក/កាណូត) ចេញទៅកាន់ប្រទេសវៀតណាម។ ប្រភពដដែលបានអះអាងថា សកម្មភាពស្ករសឆ្លងដែនខុសច្បាប់នេះ ជារបស់ឈ្មួញមានទ្រព្យស្ដុកស្ដម្ភ និងដុះស្លែម្នាក់នៅក្នុងខេត្តកំពត។
មហាជន និងប្រជាពលរដ្ឋកំពុងសម្តែងការងឿងឆ្ងល់ និងដាក់ជាសំនួរថា តើមន្ត្រីជំនាញពាក់ព័ន្ធនៅក្នុងខេត្តកែប រួមមាន ប៉ូលីសសេដ្ឋកិច្ច, មន្ត្រីសាខា ក.ប.ប, មន្ទីរពាណិជ្ជកម្ម និងមន្ត្រីគយ និងរដ្ឋាករខេត្តកែប នឹងមានវិធានការក្តៅក្នុងការចុះបង្ក្រាប និងទារពន្ធចូលថវិការដ្ឋដែរឬយ៉ាងណា? ឬមួយក៏នៅតែបន្តបើកដៃឱ្យក្រុមឈ្មួញកំពូលល្បិចម្នាក់ហ្នឹងធ្វើសកម្មភាពបន្លំសំបកបាវ និងនាំទំនិញគេចពន្ធឆ្លងដែនដោយរលូនបែបនេះ?


