បទល្មើសនៅច្រកទ្វារអន្តរជាតិភ្នំដិន! ស្ងាត់តែមិនស្ងៀម តើ “លោក សុធា” ជានរណា? ទើបមានឥទ្ធិពលដឹកទំនិញគេចពន្ធឆ្លងដែនបំបាំងភ្នែកសមត្ថកិច្ចបាន!
រាជធានីភ្នំពេញ៖ យោងតាមប្រភពផ្សព្វផ្សាយព័ត៌មានពីអង្គភាពសារព័ត៌មានជាច្រើន បាននិងកំពុងទម្លាយឲ្យដឹងជាបន្តបន្ទាប់អំពីវិបត្តិបទល្មើសឆ្លងដែននៅតំបន់ព្រំដែន ដោយលេចចេញនូវភាពមិនប្រក្រតីយ៉ាងខ្លាំងនៅច្រកទ្វារអន្តរជាតិភ្នំដិន ស្ថិតក្នុងស្រុកគិរីវង់ ខេត្តតាកែវ។
ទោះបីជាអាជ្ញាធរថ្នាក់ជាតិខិតខំរឹតបន្តឹងច្បាប់យ៉ាងណាក៏ដោយ ក៏នៅច្រកទ្វារអន្តរជាតិមួយនេះនៅតែ «ស្ងាត់តែមិនស្ងៀម» ខណៈដែលសកម្មភាពដឹកជញ្ជូនទំនិញគេចវេះពន្ធ និងគ្មានការត្រួតពិនិត្យត្រឹមត្រូវ នៅតែបន្តកើតមានយ៉ាងពេញបន្ទុក។
ឃ្លាំងអត់យីហោ និងការដឹកជញ្ជូនទាំងយប់ទាំងថ្ងៃ
ប្រភពពីប្រជាពលរដ្ឋ និងអ្នកយកព័ត៌មាននៅមូលដ្ឋានបានឱ្យដឹងថា ឃ្លាំងស្តុកទំនិញដ៏ធំមួយកន្លែងដែល «គ្មានស្លាកយីហោ» របស់បុគ្គលឈ្មោះ «សុធា» ស្ថិតនៅក្បែរតំបន់ភ្នំដិន កំពុងតែដំណើរការយ៉ាងរលូនក្នុងការទទួល និងស្តុកទំនិញនាំចូលដូចជា ប្រេងឆា ម្សៅមី និងប័រ ដោយដឹកជញ្ជូនចូលទាំងយប់ទាំងថ្ងៃ ដោយគ្មានការញញើតច្បាប់ ឬការកោតក្រែងសមត្ថកិច្ចជំនាញបន្តិចណាសោះឡើយ។តើបុគ្គលឈ្មោះ សុធា រូបនេះជានរណា?
ហេតុអ្វីបានជាមានឥទ្ធិពលខ្លាំងក្លាម្ល៉េះ? រហូតអាចដឹកជញ្ជូនទំនិញឆ្លងដែនតាមច្រកទ្វារអន្តរជាតិភ្នំដិនបានយ៉ាងរលូន និងអាច «បំបាំងភ្នែក» មន្ត្រីជំនាញ និងកងកម្លាំងប្រចាំការនៅច្រកទ្វារបានដោយសេរីបែបនេះ?
ទង្វើនេះមិនត្រឹមតែធ្វើឱ្យបាត់បង់ចំណូលថវិកាជាតិយ៉ាងធ្ងន់ធ្ងរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទីផ្សារទំនិញក្នុងស្រុក និងសុវត្ថិភាពម្ហូបអាហាររបស់ប្រជាពលរដ្ឋផងដែរ៕


