រថយន្តដឹកស្ករសអក្សរថៃ ចូលសាងនៅច្រកសំរោង រួចប្តូរការ៉ុងទៅអក្សរវៀតណាម តើបានបំពេញកាតព្វកិច្ចពន្ធ និងនីតិវិធីគ្រប់គ្រាន់ហើយឬនៅ?
ប្រជាពលរដ្ឋមួយចំនួនបានស្នើឱ្យអាជ្ញាធរ និងស្ថាប័នជំនាញពាក់ព័ន្ធ ចុះពិនិត្យ និងបំភ្លឺជុំវិញសកម្មភាពដឹកជញ្ជូនស្ករសឆ្លងកាត់ ច្រកទ្វារទ្វេភាគីព្រំដែនសំរោង ស្ថិតនៅភូមិជេក ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង បន្ទាប់ពីមានការលើកឡើងថា រថយន្តដឹកស្ករសដែលមានស្លាកសញ្ញានិងអក្សរថៃ ត្រូវបានដឹកយកមកសាងនៅតំបន់ច្រកព្រំដែន ហើយបន្ទាប់មកមានរថយន្តវៀតណាមមកទទួលយកបន្ត។
តាមការលើកឡើងរបស់ប្រភពប្រជាពលរដ្ឋ សកម្មភាពមួយចំនួនត្រូវបានគេសង្កេតឃើញថា ទំនិញស្ករសដែលមានការ៉ុងជាអក្សរថៃ ត្រូវបានសាងប្តូរទៅជាការ៉ុងដែលមានអក្សរវៀតណាម មុននឹងដឹកបន្តចូលទៅប្រទេសវៀតណាម ដោយរថយន្តមានស្លាកលេខវៀតណាម។ ករណីនេះបានបង្កឱ្យមានចម្ងល់ពីប្រជាពលរដ្ឋថា តើទំនិញទាំងនេះមានប្រភពដើម និងឯកសារនាំចូលនាំចេញយ៉ាងដូចម្តេច? តើបានបំពេញកាតព្វកិច្ចពន្ធ និងអាករជូនរដ្ឋកម្ពុជាតាមច្បាប់រួចរាល់ហើយឬនៅ? ហើយការសាងប្តូរការ៉ុងពីអក្សរថៃទៅជាអក្សរវៀតណាម មានការអនុញ្ញាតនិងស្របតាមនីតិវិធីគយនិងពាណិជ្ជកម្មដែរឬទេ?
ជាមួយគ្នានេះ ក៏មានចម្ងល់ថា ប្រសិនបើជាសកម្មភាពនាំចេញនាំចូល ឬដឹកជញ្ជូនឆ្លងកាត់ប្រទេសកម្ពុជា តើការត្រួតពិនិត្យលើប្រភពទំនិញ បរិមាណ តម្លៃ ទីផ្សារគោលដៅ និងកាតព្វកិច្ចពន្ធ ត្រូវបានអនុវត្តយ៉ាងដូចម្តេច ដើម្បីធានាថា ចំណូលពន្ធជូនរដ្ឋមិនត្រូវបានបាត់បង់?
ប្រជាពលរដ្ឋក៏បានលើកឡើងថា ខណៈប្រជាពលរដ្ឋខ្មែរមួយចំនួនកំពុងអំពាវនាវឱ្យគាំទ្រទំនិញក្នុងស្រុក និងជៀសវាងការប្រើប្រាស់ទំនិញពីប្រទេសដែលខ្លួនមានការព្រួយបារម្ភ តើសកម្មភាពនាំទំនិញដែលមានប្រភពពីប្រទេសថៃ ឆ្លងកាត់កម្ពុជា ហើយបន្តទៅប្រទេសវៀតណាមនេះ ត្រូវបានគ្រប់គ្រងនិងត្រួតពិនិត្យដោយស្ថាប័នជំនាញយ៉ាងដូចម្តេច? ទាំងនេះ មិនមែនជាការសន្និដ្ឋានថាមានការគេចពន្ធ ឬប្រព្រឹត្តខុសច្បាប់នោះទេ ប៉ុន្តែជាចម្ងល់ដែលប្រជាពលរដ្ឋស្នើឱ្យស្ថាប័នមានសមត្ថកិច្ច ចុះពិនិត្យឱ្យបានច្បាស់លាស់ និងបំភ្លឺជាសាធារណៈ។
ប្រជាពលរដ្ឋស្នើឱ្យក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា អាជ្ញាធរខេត្តស្វាយរៀង និងស្ថាប័នពាក់ព័ន្ធ ពិនិត្យលើឯកសារនាំចូលនាំចេញ កាតព្វកិច្ចពន្ធ និងនីតិវិធីសាងប្តូរការវេចខ្ចប់ទំនិញ (ប្រសិនបើមាន) ដើម្បីបញ្ជាក់ថា សកម្មភាពទាំងនេះបានអនុវត្តស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានឬយ៉ាងណា។ ជាពិសេស គួរបញ្ជាក់ឱ្យបានច្បាស់ថា ទំនិញស្ករសដែលមានអក្សរថៃទាំងនេះ មានឯកសារប្រភពដើម និងឯកសារពន្ធអាករត្រឹមត្រូវឬទេ? ការសាងប្តូរការ៉ុងនៅកម្ពុជា មានការអនុញ្ញាតតាមនីតិវិធីឬទេ? និងតើទំនិញទាំងនោះត្រូវបានប្រកាសជាទំនិញនាំចេញតាមច្បាប់ដែរឬទេ?
អង្គភាពសារព័ត៌មានយើងខ្ញុំ រង់ចាំទទួលការបំភ្លឺពីនាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនសំរោង អាជ្ញាធរមូលដ្ឋាន មន្ត្រីគយ និងស្ថាប័នជំនាញពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយជូនសាធារណជនបានជ្រាបតាមគ្រប់ជ្រុងជ្រោយ។ ខ្លឹមសារខាងលើ គឺជាការរាយការណ៍អំពីចម្ងល់និងការស្នើសុំរបស់ប្រជាពលរដ្ឋ ដោយសេចក្តីសន្និដ្ឋានអំពីភាពស្របច្បាប់នៃទំនិញនិងប្រតិបត្តិការខាងលើ សូមរង់ចាំការបញ្ជាក់ពីស្ថាប័នមានសមត្ថកិច្ច ស្វាយរៀង, ច្រកព្រំដែនសំរោង, ទំនិញនាំចូលនាំចេញ, ពន្ធនិងគយ សូមពិនិត្យនិងបំភ្លឺ៕

