ភ្នំពេញ ៖ ឯកឧត្តមប៉ែន បូណាបានលើកឡើងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះជនភៀសសឹក ដោយបានដាក់ចេញគោលនយោបាយបន្ទាន់។
ក្នុងសេចក្តីថ្លែងការណ៍ ស្តីពី ស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលគូសបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញគោលនយោបាយច្បាស់លាស់ និងបន្ទាន់ដើម្បីជួយគាំពារជនភៀសសឹក ដោយគិតគូរទាំងសន្តិសុខ សុវត្ថិភាព សុខុមាលភាព និងការស្តាឡើងវិញនូវជីវភាពរស់នៅរបស់ពួកគេ។
ឯកឧត្តមបន្តថា ចំណែកពលរដ្ឋភៀសសឹក ដែលមិនទាន់អាចវិលត្រឡប់ទៅវិញបាននៅឡើយត្រូវបានរាជរដ្ឋាភិបាលផ្តល់ជូនជម្រកដែលមានលក្ខណៈសមរម្យដើម្បីស្នាក់នៅបណ្តោះអាសន្ននៅក្នុង «ភូមិរង់ចាំ» ទម្រាំបញ្ហាព្រំដែនត្រូវបានដោះស្រាយរួចរាល់ដែលអនុញ្ញាតឱ្យពួកគេ អាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ខ្លួនវិញនាពេលអនាគត។
អ្នកនាំពាក្យបន្ថែមថា ការដោះស្រាយការលំបាករបស់ជនភៀសសឹកត្រូវបានធ្វើឡើងយ៉ាងសកម្មនិងយ៉ាងឆាប់រហ័ស ស្ទើរតែនឹកស្មានមិនដល់ ជាពិសេសការសាងសង់ផ្ទះបណ្តោះអាសន្នជូនបងប្អូននៅភូមិរង់ចាំ ដោយប្រើរយៈពេលយ៉ាងខ្លី ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ថា សំឡេង “រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះជនភៀសសឹក ដោយបានដាក់ចេញគោលនយោបាយបន្ទាន់ និងចំណាយថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ដើម្បីគាំពារដល់បងប្អូនជនភៀសសឹកទាំងអស់” ។
ឯកឧត្តមប៉ែន បូណា សង្កត់ធ្ងន់ថា ចំណែកឯសប្បុរសជនទាំងជាតិ និងអន្តរជាតិ ក៏ចូលរួមចំណែកយ៉ាងសកម្ម។ ដូច្នេះក្រោមការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធ ប្រជាពលរដ្ឋភៀសសឹកនៅភូមិរង់ចាំមានភាពកក់ក្តៅក្នុងចិត្តកាន់តែខ្លាំង ៕

