ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនខេត្តតាកែវ ជាច្រកទ្វារមួយដែលល្បីល្បាញខ្លាំងខាងនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់យ៉ាងច្រើនចូលមកកម្ពុជា
ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ទំនិញឆ្លងដែនគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ខណៈមន្ត្រីនគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន រក្សាភាពស្ងៀមស្ងាត់.!
ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនខេត្តតាកែវ ជាច្រកទ្វារមួយដែលល្បីល្បាញខ្លាំងខាងនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់យ៉ាងច្រើនចូលមកកម្ពុជា ដោយសារបុគ្គលមានអំណាចជាមន្ត្រីនគរបាលច្រកទ្វារព្រំដែនគប់គិតជាមួយមន្ត្រីច្រកទ្វារ ធ្វើជាអ្នកកាងទំនិញខុសច្បាប់ផង ជាម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនផង និងមានឃ្លាំងផ្ទេរទំនិញខុសច្បាប់ជាច្រើនកន្លែងផងដែរ។ ម្ចាស់ឃ្លាំងទាំងនោះ សុទ្ធតែមេឈ្មួញដុះស្លែប្រចាំច្រកទ្វារមួយនេះតែម្តង។ ក្នុងនោះក៏មានមន្ត្រីនគរបាល២រូប ដែលមានតួនាទីជាអនុប្រធានការិល័យនគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ដែលជាបុគ្គលមានអំណាចល្បីឈ្មោះរន្ទឺ ថាមានខ្នងក្រាស់នៅក្រសួងមហាផ្ទៃជាបង្អែកកាងពីក្រោយខ្នងផងដែរ។
ដោយឡែកនៅច្រកភ្នំដិន ច្រករបៀងស្លាបឆ្វេង និងស្លាបស្តាំ ក៏ជាប្រភពនាំចូលទំនិញគេចពន្ធដ៏មមាញឹករាល់យប់ផងដែរ។
បើតាមប្រភពឲ្យដឹងថា ក្នុងមួយយប់ៗ មានទំនិញគេចពន្ធ៤-៥រថយន្តធំៗ ត្រូវបានគេទម្លាក់ទំនិញចេញពីរថយន្តក្នុងទឹកដីវៀតណាម ហើយដឹកតាមគោយន្ត និងម៉ូតូចូលមកទឹកដីខ្មែរ ហើយលើកដាក់រថយន្តសាំយ៉ុងកែច្នៃ ឬរថយន្តកូរ៉េ ធំៗ ដឹកបន្តមកចែកចាយនៅក្រុងភ្នំពេញ តាមផ្លូវជាតិលេខ២និងផ្លូវជាតិលេខ៣។ ប្រភពដដែលឲ្យដឹងទៀតថា បើតាមអត្រាពន្ធគយទំនិញក្នុង១រថយន្តធំត្រូវបង់ចូលរដ្ឋមិនក្រោម២៥លានរៀលទេ ប៉ុន្តែពេលគេដឹកគេចពន្ធតាមម៉ូតូ គឺគេចំណាយលើមន្ត្រីនគរបាលច្រកទ្វារអស់៥លានរៀល ឯខាងមន្ត្រីគយ គឺបង់តិចច្រើនតាមប្រភេទទំនិញ។ បុគ្គលជើងខ្លាំងខាងចេញមុខរត់ការទំនិញគេចពន្ទ គឺលោកអនុប្រធានការិយាល័យនគរបាលច្រកទ្វារព្រំដែនដ៏មានអំណាចម្នាក់ជាអ្នកចាត់ចែងគ្រប់យ៉ាង។ បើតាមការប៉ាន់ស្មានគ្រាន់តែច្រករបៀងសងខាងច្រកទ្វារព្រំដែនភ្នំដិន រដ្ឋត្រូវបាត់ចំណូលជាតិមិនតិចជាង១០០លានរៀលនោះទេក្នុងមួយថ្ងៃៗ នេះមិនទាន់គិតការគៃបន្លំចំណូលពន្ធរដ្ឋនៅច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនផង៕


