អនុគណៈកម្មការទី៥ ទទួលបន្ទុករៀបចំព្រឹត្តិការណ៍អមនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ បានរៀបចំកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពនៃការត្រៀមរៀបចំកម្មវិធីសម្តែងសិល្បៈប្រចាំថ្ងៃក្នុងភូមិហ្រ្វង់កូហ្វូនី ក្រោមអធិបតីភាពលោកជំទាវកិត្តិបណ្ឌិត អ៊ឺង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងជាប្រធានអនុគណៈកម្មការទី៥ និងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាអនុប្រធានគណៈកម្មការជាតិ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេសនៃក្រសួងទាំងពីរកាលពីថ្ងៃទី៦ខែតុលាឆ្នាំ២០២៦ ។
សូមបញ្ជាក់ថា«ភូមិហ្វ្រង់កូហ្វូនី» (The Village de la Francophonie) ជាព្រឹត្តិការណ៍អមមួយ ក្នុងចំណោមព្រឹត្តិការណ៍អម២ ដែលរាជរដ្ឋាភិបាលបានសម្រេចរៀបចំ ហើយគ្រោងនឹងបើកឱ្យសាធារណជនចូលរួមទស្សនាចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសួនច្បារវត្តបទុមវត្តី រាជធានីភ្នំពេញ។ ភូមិហ្រ្វង់កូហ្វូនី នឹងទទួលស្វាគមន៍បណ្តាប្រទេសមកពីសហគមន៍និយាយភាសាបារាំង ដើម្បីចូលរួមតាំងបង្ហាញលើវប្បធម៌ ទេសចរណ៍ និងការអប់រំ ដោយនឹងមានរៀបចំជាតំបន់ពន្លាជាតិ, តំបន់សម្តែងសិល្បៈទស្សនីយភាព, តំបន់រៀបចំកិច្ចពិភាក្សានិងវេទិកាតុមូល, តំបន់ស្តង់ពិព័ណ៌ និងតំបន់ម្ហូបអាហារ ។ល។
ជាលទ្ធផល អង្គប្រជុំបានសម្រេចរៀបចំប្រតិទិននៃការសម្តែងសិល្បៈប្រចាំថ្ងៃ ដោយបញ្ចូលសិល្បៈទស្សនីយភាពក្នុងប្រទេស និងក្រៅប្រទេស សំដៅធ្វើយ៉ាងណាឱ្យមានទស្សនីយភាពចម្រុះ និងស្រស់បំព្រង ស្របតាមមូលបទនៃព្រឹត្តិការណ៍ «ស្នាមញញឹមខ្មែរ ស្នាមញញឹមហ្រ្វង់កូហ្វូនី»។ ទន្ទឹមនេះ លោកជំទាវរដ្ឋមន្រ្តីក្រសួងទាំង២ បានជំរុញឱ្យក្រុមការងារទទួលបន្ទុករៀបចំការសម្តែងសិល្បៈក្នុងភូមិ បន្តខិតខំបំពេញការងាររបស់ខ្លួន ដោយរៀបចំផែនការឱ្យបានច្បាស់លាស់និងល្អិតល្អន់បំផុត ៕

