ជនស៊ីវិលជាមនុស្សជំនិតមន្ត្រីគយដើម្បីយកប្រាក់ពីរថយន្តដឹកទំនិញគេចពន្ធ ឬមិនបង់ពន្ធទាំងនោះ ដើម្បីឲ្យគេចផុតពីការទទួលខុសត្រូវរបស់មន្ត្រីគយនៅពេលដែលមានបញ្ហាអ្វីកើតឡើង ?
ឈ្មួញដឹកទំនិញគេចពន្ធគគ្រឹកគគ្រេងតាមច្រករបៀង សំយ៉ោងក្នុងស្រុកកំពង់រោទិ៍ ដោយការគប់គិតជាមួយមេគយ សំ សុវណ្ណារិទ្ធ គេសង្កេតឃើញមានរថយន្តធុនធំយីឌុបប្រភេទវ៉េអងជាច្រើនគ្រឿងដឹកទំនិញលើសទ្រុង សង្ស័យជាទំនិញ គេចពន្ធធ្វើចរាចរណ៍លើដងផ្លូវឆ្ពោះទៅប៉ុស្តិ៍ច្រកទ្វាព្រំដែន ហើយផ្ទេរទំនិញដាក់ក្នុងឃ្លាំងស្តុកទំនិញ៣នៅជិតប៉ុស្តិ៍នគបាលវរៈការពារព្រំដែនច្រករបៀងសំយ៉ោង ហើយរថយន្តរបស់ក្រុមឈ្មួញវៀតណាមឆ្លងដែនមកដឹកទៅប្រទេសវៀតណាម ដោយពុំឃើញសមត្ថកិច្ចណាមករំខានឡើយ។ ករណីបែបនេះបាននឹងកំពុងកើត មានជារៀងរាល់ថ្ងៃដោយមិនរំខានដល់សមត្ថកិច្ចជំនាញជាពិសេសមន្ត្រីគយប្រចាំនៅខេត្តស្វាយរៀងនោះទេ។ ភាពស្ងៀមស្ងាត់នៅលើដងផ្លូវត្រូវគេប្រាប់ថា វាបានត្រូវរូវគ្នាជាស្រេចរួចហើយ រវាងពួកឈ្មួញខ្មែរ និងវៀតណាមជាមួយ គយប្រចាំខេត្តស្វាយរៀងក្រោម អំណាចរបស់លោក សំ សុវណ្ណារិទ្ធ ។
ប្រភពរាយការណ៍ថា នៅចំណុចប៉ុស្តិ៍វរៈការពារព្រំដែនច្រករបៀងសំយ៉ោង ដែលមានលោក រស់ ភឿន មេប៉ុស្តិ៍ច្រករបៀងស្ថិតនៅភូមិ-ឃុំសំយ៉ោង ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ទំនិញឆ្លងដែនមិនត្រូវបានត្រួតពិនិត្យឲ្យម៉ត់ចត់នោះទេ។ ប្រជាពល រដ្ឋដែលរស់នៅក្នុងភូមិសំយ៉ោង បានឲ្យដឹងថា មានរថយន្តយីឌុបធុនយក្ស ជាច្រើនគ្រឿងនិងរថយន្តទ្រុងបិទជិត សង្ស័យដឹក ទំនិញគេចពន្ធ បានមកផ្ទេរដាក់ក្នុងឃ្លាំងនៅជិតប៉ុស្តិ៍ច្រករបៀងព្រំដែនសំយ៉ោង ក្នុង១ថ្ងៃៗ ចាប់ ពី៥-៦ គ្រឿង ហើយក្នុង១ខែៗមិនក្រោមពី ១៥០គ្រឿងនោះទេ សង្ស័យជាប្រភេទទំនិញគេចពន្ធដូចជាស្ករស,ក្រណាត់, ខោអាវគីប និងទំនិញជាច្រើនមុខផ្សេងទៀតដែលគេបង្កប់ខាងក្នុងបិទជិត ហើយបើកចូលក្នុងឃ្លាំងបិទទ្វារបង រួចផ្ទេរដាក់ចូលរថយន្តនិងត្រាក់ទ័រវៀតណាម ដឹកចូលទៅក្នុងប្រទេសវៀតណាម។
តាមប្រជាពលរដ្ឋបានឲ្យដឹងថា រថយន្តដឹកទំនិញចំណុះ ៤៥តោន-៥០តោន ចូលចតផ្ទេរទំនិញនៅច្រករបៀង សំយ៉ោងបន្ទាប់មកក៏មានរថយន្តវៀតណាមនិងត្រាក់ទ័រ សណ្តោងរ៉ឺម៉ក មកផ្ទេររួចហើយដឹកឆ្លងដែនចូលទៅទឹក ដីប្រទេសវៀតណាមយ៉ាងគគ្រឹកគគ្រេង ឮសូរសំឡេងម៉ាស៊ីនទ្រហឹងចាប់ពីម៉ោង៥និង៣០នាទីល្ងាច រហូត ដល់យប់កណ្តាលអាធ្រាត ដោយគ្មានសមត្ថកិច្ចណាមកត្រួតពិនិត្យរំខានឡើយ។ ការដែលគ្មានសមត្ថកិច្ចមកត្រួតពិនិត្យមិនមែនស្ថាប័នជំនាញដូចជាគយជាដើមមិនដឹងរឿង នោះទេ ប៉ុន្តែរវាងពួកឈ្មួញនិងមន្ត្រីគយនៅខេត្តស្វាយរៀងបានចរចាគ្នារួចជាស្រេចហើយ។ ប្រភពប្រាប់ថា ពួកឈ្មួញរកស៊ីដឹកទំនិញតាមច្រកសំយ៉ោងសុទ្ធតែបានចរចាជាមួយលោក សំ សុវណ្ណារិទ្ធ មេគយ ខេត្តស្វាយរៀងរួចជាស្រេចមុននឹងដឹកទំនិញចេញ,ចូល។
សមត្ថកិច្ចមូលដ្ឋានសុំមិនបញ្ចេញឈ្មោះប្រាប់ថា ច្រករបៀងសំយ៉ោងនេះមានប៉ុស្តិ៍ទាហានវរៈការពារព្រំដែនគោកនៃតំបន់ប្រតិបត្តិការសឹករងស្វាយរៀង មានប៉ុស្តិ៍នគបាលវរៈការពាព្រំដែនលេខ៦០៩ និងមានមនុស្សស្លៀកពាក់ស៊ីវិលដែលគេថា ចៃគយដាក់កុងត្រូល ចាំយកលុយក្បាលរថយន្តទាំងយប់ទាំងថ្ងៃ ប៉ុន្តែមិនឃើញមន្ត្រីគយកាន់ការងារត្រឹមត្រូវមកពិនិត្យទំនិញឱ្យបង់ពន្ធទេ។ ជនស៊ីវិលទាំងនោះគឺជាមនុស្សជំនិតរបស់មន្ត្រីគយដើម្បីយកប្រាក់ពីរថយន្តដឹកទំនិញគេចពន្ធ ឬមិនបង់ពន្ធទាំងនោះ ដើម្បីឲ្យគេចផុតពីការទទួលខុសត្រូវរបស់មន្ត្រីគយ៕




